កីឡាករ​ PSV ដែល​ឈូស​ Shaw បាក់​ជើង…​ឈូស​គេ​របួស​ធ្ងន់​ម្នាក់​ទៀត

Tue, 22/09/2015

Hector Moreno ​ខ្សែ​ការពារ​ក្រុម​ PSV របស់​ហុល្លង់ ដែល​ឈូស​​ Luke Shaw ​របស់​ក្រុម​ Manchester United ​​ឲ្យ​បាក់​ជើង​សប្ដាហ៍​មុន បាន​បើក​បាត​ឈូស​​ខ្សែ​ប្រយុទ្ធ​​ម្នាក់​ទៀត ឲ្យ​របួស​ធ្ងន់ធ្ងរ កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​​នេះ។​

Moreno ​បាន​ធ្វើ​ឲ្យ​ខ្សែ​ការពារ​ឆ្វេង​របស់​ Man Utd (Shaw) បាក់​ជើង កាល​ពី​ថ្ងៃ​អង្គារ​សប្ដាហ៍​មុន ក្នុង​ការ​ប្រកួត​ UEFA Champions League ​ដែល​ PSV ឈ្នះ​ ២-១ ​និង​​ធ្វើ​ឲ្យ​កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស ត្រូវ​​សម្រាក​យ៉ាង​ហោច​ណាស់​រយៈពេល​កន្លះ​ឆ្នាំ ទើប​លេង​បាន​វិញ។  ​រយៈពេល​មិន​ដល់​១​សប្ដាហ៍​ផង ពោល​គឺ​​កាល​ពី​ថ្ងៃ​សៅរ៍ចុង​សប្ដាហ៍​កន្លង​ទៅ កីឡាករ​ជម្រើស​ជាតិ​ម៉ិកស៊ីកូ​រូប​នេះ​ដដែល បាន​បើក​បាត​ស្បែកជើង​ឈូស​ខ្សែ​ប្រយុទ្ធ​ Oussama Tannane ចំ​ជង្គង់​ពេញ​ទៀត ​ក្នុង​ការ​ប្រកួត​​លីក​ហុល្លង់​ ដែល​ PSV ចាញ់​ Heracles ​​​និង​ធ្វើ​ឲ្យ​ Tannane ត្រូវ​គេ​គ្រា​ចេញ​ពី​ទីលាន​​នៅ​១៥​នាទី​ចុង​ក្រោយ មុន​បញ្ចប់​ការ​ប្រកួត។  យ៉ាងណា ​ហេតុការណ៍​ខាង​លើ​នេះ Moreno ពុំ​ទទួល​បាន​ការ​ពិន័យ​ណា​មួយ​កាត​លឿង ឬ​កាត​ក្រហម​ពី​អាជ្ញាកណ្ដាល​ឡើយ ពោល​គឺ​​រូប​គេ​រួច​ខ្លួន​ដូច​កាល​ឈូស​ Shaw ដែរ។ រីឯ​ចំពោះ​​អាការៈ​ខ្សែ​ប្រយុទ្ធ​ Tannane ​ក៏​ពុំ​ទាន់​វិនិច្ឆ័យ​​ថា​ធ្ងន់​ធ្ងន់​កម្រិត​ណា​​ផង​ដែរ៕

Related news