កីឡាករ​អាស៊ី ​​​ចង់​បង្ហាញ​ថ្វី​ជើង​ល្អ​​​ទៀត ពេល​ Spurs ប៉ះ​ Arsenal ​​ថ្ងៃ​ពុធ

Mon, 21/09/2015

Heung-Min Son ​កីឡាករ​កូរ៉េខាងត្បូង​ចំណូល​ថ្មី​របស់​ក្រុម​ Tottenham Hotspur ​បាន​និយាយ​ថា ខ្លួន​ចង់​បង្ហាញ​ទម្រង់​លេង​ល្អ​បន្ថែម​ទៀត ជាពិសេស​គឺ​ពេល​​មាន់​ខ្នាយ​មាស ប៉ះ​កាំភ្លើង​ធំ​ Arsenal ​នៅ​ប្រកួត​ធំ Capital One Cup ​ថ្ងៃ​ពុធ​ខាង​មុខ​នេះ។

​ខ្សែ​ប្រយុទ្ធ​វ័យ​២២​ឆ្នាំ របស់​ជម្រើស​ជាតិ​កូរ៉េខាងត្បូង ដែល​ផ្ទេរ​ពី​ Bayer Leverkusen ​តម្លៃ​២២​លាន​ផោន​រូប​នេះ ​ស៊ុត​ចូល​ទី​៣​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​ប្រកួត​ដំបូង​នៅ​ Spurs ដោយ​ក្នុង​នោះ​​​ស៊ុត​២​គ្រាប់ ​​ជួយ​ឲ្យ​ក្រុម​របស់​គេ​ឈ្នះ​ FK Qarabag ៣-១ នៅ​ Europa League និង​ស៊ុត​១​គ្រាប់​ជួយ​ឲ្យ​មាន់​ខ្នាយ​មាស​ឈ្នះ​ Crystal Palace ១-០ នៅ​ Premier League កាល​ពី​យប់​មិញ​ទៀត។  ​យ៉ាងណា​ Son ​បាន​លើក​ឡើង​ថា ខ្លួន​នៅ​មាន​ចំណុច​ត្រូវ​អភិវឌ្ឍន៍​បន្ថែម​ទៀត​ និង​ចង់​បង្ហាញ​ទម្រង់​លេង​ល្អ​ ក្នុង​ការ​ប្រកួត​ធំ​ប៉ះ​ Arsenal ​នៅ​ Capital One Cup ​នា​ថ្ងៃ​ពុធ​​ខាង​មុខ​នេះ។ ​រូប​គេ​និយាយ​ថា៖ “ខ្ញុំ​មិន​ទាន់​​ស៊ាំ​នឹង​ Premier League ​នៅ​ឡើយ​ទេ ខ្ញុំ​ចង់​​ធ្វើ​ឲ្យ​បាន​ល្អ​ជាង​​នេះ និង​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ​បំផុត។ ខ្ញុំ​ធ្លាប់​ឮ North London Derby (Spurs ប៉ះ​ Arsenal) ពេល​ខ្ញុំ​នៅ​ Bundesliga។ ខ្ញុំ​ចង់​រៀប​ចំ​ខ្លួន​ឲ្យ​បាន​ល្អ និង​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត សម្រាប់​ការ​ប្រកួត​នៅ​ថ្ងៃ​ពុធ”។  អតីត​ខ្សែ​ប្រយុទ្ធ​ក្រុម​ Leverkusen ​បាន​ស៊ុត​ជើង​ឆ្វេង​បំប៉ោង​សំណាញ់​ទី​ក្រុម​ Crystal Palace នៅ​នាទី​៦៨ ​និង​បាន​ជាប់​ជា​ Man of the Match ផង​ដែរ​កាល​យប់​មិញ។ ជា​ពិសេស​កីឡាករ​អាស៊ី​រូប​នេះ បាន​ក្លាយ​ជា​ Hero របស់​អ្នកគាំទ្រ​ Spurs យ៉ាង​ឆាប់​រហ័ស​ទៀត​ផង៕Reference:
http://news.sabay.com.kh/article/486648

Related news